គោនយោបាយការពារស្ត្រី និងកុមារងាយរងគ្រោះ

អង្គការតំលៃស្ត្រី គឺជាអង្គការដែលជឿលើការថែទាំដែលមានគ្រប់ជ្រុងជ្រោយសម្រាប់ស្រ្តី និងកុមារ។យើងប្រកាន់ភ្ជាប់នូវតួនាទីការពារដល់សុវត្ថិភាពសេចក្តីសុខរបស់ស្រ្តី និងកុមារ ទាំងឡាយដោយយកមូលដ្ឋានស្របតាម ព្រះគម្ពីរដែលថា ស្រ្តី​ និងកុមារម្នាក់ៗពិសេសដោយឡែកពីគ្នា និងមានសារៈសំខាន់ជាហេតុដែលធ្វើឲ្យពួកគាត់មានតម្លៃជាមនុស្ស និងផ្តល់ឲ្យពួកគាត់មានសិទ្ធិទទួលបានការការពារ និងដោយយកមូលដ្ឋានលើអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិកុមារ។ ដូច្នេះយើងខ្ញុំសូមប្តេជ្ញាថា និងប្រឆាំងលើទង្វើគ្រប់ប្រភេទនៃការរំលោភបំពាន​ ឬ គ្រោះថ្នាក់ទាំងឡាយទាំងដោយចេតនា ឬ អចេតនាក្តី ស្របតាមខ្លឹមសារដូចមានចែងក្នុងគោលនយោបាយនេះ។ គោលនយោបាយដើម្បីការពារស្រ្តី និងកុមារ គឺសម្រាបមនុស្សទាំងអស់ដែលធ្វើការ ឬស័្មគ្រចិត្តធ្វើការជាមួយ អង្គការតំលៃស្ត្រី គោលបំណងនៃគោលនយោបាយនេះ រួមមាន៖

 1. ការពារស្រ្តី និងកុមារពីការរំលោភបំពាន ពី​ការកេងប្រវ័ញ្ចក្នុងសង្គម។
 2. ការពារក្រុមការងារនៃអង្គការតំលៃស្រ្តី បុគ្គលិក អ្នកស័្មគ្រចិត្ត និងសមាជិកនៃគណៈនាយក ទាំងឡាយ ពីការចោទប្រកាន់ផ្សេងៗ។
 3. ការពារកេរ្តិ៍ឈ្មោះ និងកិតិ្តយសរបស់អង្គការតំលៃស្រ្តី ក្នុងនាមជាអង្គការមួយ។

ស្រ្តីគឺជាបុគ្គលទាំងឡាយណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយកុមារគឺជាបុគ្គលទាំងឡាយណាដែលមានអាយុក្រោម១៨ឆ្នាំ

I.សេចក្តីថ្លែងការណ៍អំពីជំនឿ និង​ ការបេ្តជ្ញា

 1. អង្គការតំលៃស្រ្តីជឿលើគុណតម្លៃពីធម្មជាតិរបស់កុមារគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ប្រវត្តិនៃ សង្គម អាយុ​ ភេទ ពណ៌សម្បុរ លក្ខខណ្ឌផ្នែករាងកាយ សមត្ថភាព​ ផ្លូវភេទ សាសនា និង/ឬ ជំនឿឡើយ។ អង្គការតំលៃស្រ្តីមានជំនឿទៅលើសិទ្ធិទទួលការការពាររបស់ស្រ្តី និងកុមារគ្រប់រូបសិទ្ធិ ទទួលការរីកចម្រើន ការអភិវឌ្ឍន៍ សិទ្ធិទទួលការគោរព និងតម្លៃជាមនុស្ស។
 2. អង្គការតំលៃស្រ្តីប្រឆាំងដាច់ខាតទៅនឹងរាល់ទង្វើទាំងឡាយនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចលើស្រ្តី និងកុមារ រួមមាន៖
 • ការរំលោភបំពានផ្លូវកាយ៖ រាល់ការរងរបួសលើរាងកាយដែលជាក់ស្តែង ឬទំនងជាកើត ឡើង ការមិនព្រម ការពារពីការរងរបួសលើរាងកាយ ឬការធ្វើឲ្យឈឺចាប់ទាំងឡាយ ណាដល់ស្រ្តី និងកុមារ រួមមាន ការបុកដោយអ្វីមួយ ការធ្វើទារុណកម្ម ការវាយដំ ការចាប់អង្រួន ការបោះបោក ការធ្វើឲ្យរលាក ការពន្លង់ ការបង្អត់ដង្ហើម ឬ​ ការធ្វើឲ្យពុល ដោយចេតនា។
 • ការរំលោភបំពានផ្លូវអារម្មណ៍/សតិបញ្ញា៖ ការប៉ះទង្គិចបែបគ្រោះថ្នាក់ដែលជាក់ស្តែង ឬទំនងជាកើតឡើងដល់ការលូតលាស់ផ្នែកអាកប្បកិរិយា និងផ្នែកអារម្មណ៍របស់ស្រ្តី និងកុមារដែលបណ្តាលមកពីទង្វើរូមមានការបដិសេធ ឬការប្រព្រឹត្តមិនសូវល្អលើផ្លូវអារម្មណ៍ដែលធ្ងន់ធ្ងរ ឬដែលយូរអង្វែង។ ក្នុងនោះអាចសម្តៅទៅលើពាក្យសម្តី និង/ឬទង្វើចំពោះស្រ្តី និងកុមារដែលធ្វើឲ្យស្រ្តី និងកុមារយល់ថាពួកគេគ្មានតម្លៃ គ្មានគេស្រលាញ់ មិនគ្រប់លក្ខណៈ​ ឬ បង្កឲ្យស្រ្តី និងកុមារមានអារម្មណ៍តក់ស្លុតមានគ្រោះថ្នាក់ និង/ឬខូចបង់។
 • ការប្រងើយកន្តើយ៖ រាល់ការធ្វេសប្រហែសដែលធ្ងន់ធ្ងរ ឬយូរអង្វែងទៅលើស្រ្តី និងកុមារ ឬការមិនព្រមការពារស្រ្តី និងកុមារ ពីមជ្ឈដ្ឋានដែលបង្កឲ្យមានគ្រោះថ្នាក់គ្រប់ប្រភេទ រួមមាន ភាពត្រជាក់ ឬ បង្អត់អាហារ ឬការមានឆន្ទះយ៉ាងជាក់ស្តែងក្នុងការមិនសំដែងនូវទង្វើនៃការថែទាំជាចាំបាច់ដែលនាំឲ្យខូតខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់របស់ស្រ្តី និងកុមារ រាប់បញ្ចូលទាំងបញ្ហាអលទ្ធភាពក្នុងការលូតលាស់។
 • ការរំលោភបំពានផ្លូវភេទ៖ គឺការកេងប្រវ័ញ្ចដែលជាក់ស្តែង ឬទំនងជាកើតឡើងលើស្រ្តី និងកុមារ ដែលមិនទាន់ពេញវ័យទៅក្នុងសកម្មភាពផ្លូវភេទដោយពួកគាត់ពុំបានដឹងដោយប្រាកដប្រជាជាហេតុធ្វើឲ្យពួកគាត់មិនអាចផ្តល់ការយល់ព្រមច្បាស់លាស់ ឬដែលបំពានដល់ច្បាប់ទម្លាប់សង្គម ឬ វិន័យគ្រួសារ ដូចជា ការប៉ះពាល់ប្រដាប់ភេទស្រ្តី និងកុមារ ការបង្ខំឲ្យស្រ្តី និងកុមារ មើល ឬរួមប្រឡូកក្នុងទិដ្ឋភាពអាសអាភាស៏ ឬគំរាមកំហែងស្រ្តី និងកុមារ ឲ្យរួមភេទដោយមិនថាស្រ្តី និងកុមារយល់ព្រម ឬមិនយល់ព្រម ចំពោះសមាជិកក្រុមគ្រួសារក៏ដោយក៏មិនត្រូវប៉ះពាល់នៅកន្លែងសាធារណ: ឬកន្លែងស្ងាត់ ពីព្រោះទង្វើបែបទាំងអស់នេះវា គឺជាទង្វើនៃការរំលោភបំពាន។
 • ការរំលោភបំពានផ្លូវវិញ្ញាណ៖ ការប្រើប្រាស់អំណាច សិទ្ធិអំណាច និង/ឬ សេចក្តីទុកចិត្ត ក្នុងផ្លូវខុសរបស់អ្នកដឹកនាំសាសនា ឬបុគ្គលម្នាក់ក្នុងនាមជាអ្នកមានអំណាច/សិទ្ធិអំណាចខាងឯវិញ្ញាណ(មិនថាជាអង្គភាពស្ថាប័ន ក្រុមជំនុំ ឬ គ្រួសារក្តី)​ដោយមានបំណង គាបសង្កត់ គំរាមកំហែង បញ្ចុះបញ្ចូល ឬ ក្តោបក្តាប់លើស្រ្តី និងកុមារ។​ ការប្រើប្រាស់អំណាចដោយផ្លូវខុសនៅក្នុងគោលការណ៏នៃការអនុវត្តន៍ ឬជំនឿរបស់សាសនាដើម្បីបំពេញតម្រូវការរបស់អ្នករំលោភបំពាន(ឬដើម្បីតម្លើងឋានៈរបស់ខ្លួនដោយ)ប្រើប្រាស់សេចក្តីត្រូវការរបស់ស្រ្តី និងកុមារ។ ជាហេតុធ្វើឲ្យរងគ្រោះផ្នែកវិញ្ញាណដល់ស្រ្តី និងកុមារ ឬនាំទៅរកការរំលោភបំពានផ្លូវផ្សេងៗទៀតដូចជា ផ្លូវកាយផ្លូវអារម្មណ៍/សតិបញ្ញា និងផ្លូវភេទ។
 1. អង្គការតំលៃស្ត្រីមានការប្តេជ្ញាចំពោះការរក្សាសិទ្ធិរបស់ស្រ្តី និងកុមារ ដូចបានពិពណ៌នានៅក្នុងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិកុមារ។ អង្គការតំលៃស្ត្រីជឿថាការប្រងើយកន្តើយគឺជាកំហុសមួយនៅពេលដែលដឹងថាមានស្រ្តី និងកុមារម្នាក់កំពុងត្រូវបានគេរំលោភបំពាន ឬកេងប្រវ័ញ្ច
 2. អង្គការតំលៃស្ត្រីមានការប្តេជ្ញាចំពោះជំនឿមួយថាស្រ្តី និងកុមារមានសិទ្ធិបញ្ចេញមតិ និងស្តាប់មតិ។ ដូច្នេះ តាមដែលអាចធ្វើបាន និងសមរម្យស្រ្តី និងកុមារ នឹងត្រូវបានរាប់បញ្ចូលជាអ្នករួមចំណែកដូចជានៅក្នុង ការស្រាវជ្រាវ និងរបាយការណ៍/ការវាយតម្លៃថ្មីៗជាដើម។
 3. អង្គការតំលៃស្ត្រីមានការប្តេជ្ញាចំពោះការរក្សា និងលើកស្ទួយដល់ច្បាប់ជាតិ និងអន្តរជាតិទាំងឡាយដែល ទាមទាឲ្យមានការលើកស្ទួយដល់សិទ្ធិរបស់ស្រ្តី និងកុមារ និងធ្វើការតស៊ូមតិប្រឆាំងនឹងរាល់ច្បាប់ទាំងឡាយដែលមិនអនុវត្តតាម។
 4. ស្របតាមស្ថានការណ៍ទាំងឡាយដែលកើតឡើងដើម្បីគោរពដល់ភាពផ្ទាល់ខ្លួន និងការរក្សាជាការសម្ងាត់ បុគ្គលិកអង្គការនឹងតម្រូវឲ្យជួបជាមួយស្រ្តី និងកុមារ ទល់មុខគ្នា (ការប្រឹក្សាយោបល់ជាដើម) ។សម្រាប់ព័ត៌មានបន្ថែមអំពីករណីបែបនេះសូមអានឯកសារយោងអំពីច្បាប់ប្រឹក្សាយោបល់របស់អង្គការតំលៃស្រ្តី។

II.ការអនុវត្តគោលនយោបាយការពារស្រ្តី និងកុមារ

 1. គ្រប់សមាជិកក្រុមការងារនៃអង្គការតំលៃស្ត្រី អ្នកស្ម័គ្រចិត្ត និងសមាជិកគណៈកម្មការ ត្រូវអាន និង ចុះហត្ថលេខាលើគោលនយោបាយការពារស្រ្តី និងកុមារ មុននឹងចាប់ផ្តើមការងារទាំងអស់ក្នុងអង្គការ (ទាំងមានកំរៃ និងគ្មានកំរៃ)។
 2. គ្រប់សមាជិកថ្មី រួមទាំងបុគ្គលិកអ្នកស្ម័គ្រចិត្ត និងសមាជិករបស់គណៈកម្មការ នៃអង្គការតំលៃស្ត្រី បើមិនទាន់យល់ច្បាស់ពីគោលនយោបាយនេះទេសូមទំនាក់ទំនងជាមួយនាយិកាអង្គការ ឬប្រធានផ្នែកនីមួយៗ។
 3. គោលនយោបាយនេះត្រូវបង្រៀន អាន និងរំលឹក ដល់គ្រប់បុគ្គលិក ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់នៃ អង្គការតំលៃស្ត្រី រៀងរាល់៦ខែម្តង។

III.ក្រមសីលធម៌

គ្រប់សមាជិកក្រុមការងារនៃអង្គការតំលៃស្ត្រី អ្នកស្ម័គ្រចិត្ត ភ្ញៀវចុះសួរសុខទុក្ខ និងសមាជិក

​គណៈកម្មការ ដែលមានទំនាក់ទំនងជាមួយស្រ្តី និងកុមារ និងសហគមន៍ត្រូវអនុលោមតាមវិធានការទាំងដប់បី (១៣)ចំនុច ខាងក្រោមនេះជាកំហិត។ រាល់ការបំពានលើវិធានការទាំងនេះ និងនាំឲ្យមានការពិន័យ(មានចែងក្នុងគោលនយោបាយការងារ)។

 1. ភ្ញៀវចុះសួរសុខទុក្ខត្រូវនៅជាមួយបុគ្គលិកអង្គការតំលៃស្ត្រីគ្រប់ពេល ហើយមិនត្រូវនៅម្នាក់ឯងដោយគ្មានបុគ្គលិកឡើយ។
 2. បុគ្គលិក និងភ្ញៀវចុះសួរសុខទុក្ខមិនត្រូវនៅតែម្នាក់ឯងជាមួយអតិថិជននោះទេ ក្រៅពីបុគ្គលិកប្រឹក្សាយោបល់ និងបុគ្គលិកសង្គមកិច្ច។​ទ្វារបន្ទប់ប្រឹក្សាយោបល់ត្រូវមានដាក់កញ្ចក់មួយផ្ទាំង​។ ​ប្រសិនបើមានអតិថិជនស្នើសុំជួបជាមួយបុគ្គលិកនៅកន្លែងសាធារណៈ ដូចជាហាងកាហ្វេ នោះពួកគាត់អាចជួបបាន ក៏ប៉ុន្តែសមាជិកបុគ្គលិកគួរតែស្នើសុំឱ្យអតិថិជនមកជួបគ្នានៅកន្លែងធ្វើការ ឬបន្ទប់ប្រឹក្សាយោបល់ វិញប្រសើរជាង។ មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់អង្គការសម្រាបអតិថិជនត្រូវបានរៀបចំនៅកន្លែងសាធារណៈ។
 3. បុគ្គលិក និងភ្ញៀវចុះសួរសុខទុក្ខត្រូវតែស្របតាម និង​យល់អំពីវប្បធម៌នៃការប្រាស្រ័យទាក់ទងទៅមករបស់អតិថិជន។ នៅពេលដែលមានភាពមិនច្បាស់លាស់ចំពោះដែនកំណត់នៃឥរិយាបថសួរសុខទុក្ខ នោះពួកគេគួរតែស្វែងរកការណែនាំ និងពន្យល់ពីបុគ្គលិកអង្គការតំលៃស្ត្រី។
 4. បុគ្គលិក និងភ្ញៀវចុះសួរសុខទុក្ខត្រូវស្លៀកសំលៀកបំពាក់ឲ្យបានសមរម្យ។
 5. បុគ្គលិក និងភ្ញៀវចុះសួរសុខទុក្ខត្រូវបង្ហាញពីសេចក្តីអាណិតអាសូរតាមរយៈសកម្មភាព និងការនិយាយស្តី ហើយមិនត្រូវសួរសំនួរអំពីអតីតកាល ឬក៏និយាយអ្វីដែលគ្មានហេតុផលច្បាស់លាស់ ដែលនាំឲ្យអតិថិជនមានអារម្មណ៍ខ្មាសអៀន និងឈឺចាប់។
 6. បុគ្គលិក និងភ្ញៀវចុះសួរសុខទុក្ខមិនត្រូវប៉ះពាល់ អោបរឹត ឬក៏ថើបអតិថិជនក្នុងគ្រប់ករណីឡើយ។ ចំពោះការប៉ះពាល់រាងកាយជាមួយអតិថិជន ត្រូវបានអនុញ្ញាតឲ្យ ប្រសិនបើអតិថិជនជាអ្នកចាប់ផ្តើមមុន ហើយត្រូវមានដែនកំណត់ត្រឹមការចាប់ដៃ និងនៅកន្លែងដែលមានពន្លឺ។
 7. ភ្ញៀវចុះសួរសុខទុក្ខមិនត្រូវសួរសំនួរណាមួយដល់អតិថិជនផ្ទាល់ពីទីកន្លែងរស់នៅ និងលេខទូរស័ព្ទ ហើយមិនត្រូវនិយាយពីរឿងផ្ទាល់ខ្លួនដែលទាក់ទងជាមួយអតិថិជនឡើយ។
 8. ភ្ញៀវចុះសួរសុខទុក្ខមិនគួរថតរូប ឬថតវីដេអូ ឬក៏ប្រមូលព័ត៌មាននៃរឿងរ៉ាវរបស់អតិថិជនឡើយ ។ គោលនយោបាយមួយគឺគ្មានម៉ាស៊ីនថត ឬប្រើប្រាស់ទូរស័ព្ទដៃ​ ក្នុ​ងកំឡុងពេលមកសួរសុខទុក្ខដើម្បីជៀសវៀងនូវការរំលោភបំពានលើច្បាប់ និងការសម្ងាត់របស់អង្គការ។ ​ករណីឱ្យថតរូបបាន លុះត្រាតែមានអនុញ្ញាតពីនាយិកា ចាត់តាំងនរណាម្នាក់អោយថតសម្រាប់ទុកជាធនធានបោះពុម្ភផ្សាយសាធារណៈ ដោយមានការយល់ព្រមជាស្នាមមេដៃពីអតិថិជន។​ រាល់រូបថតទាំងអស់ ត្រូវតែថតពីចំហៀងដែលមិនអាចមើលឃើញមុខរបស់ពួកគាត់ ឬក៏មិនអាចកំណត់អត្តសញ្ញាណបាន។
 9. ភ្ញៀវចុះសួរសុខទុក្ខមិនគួរឲ្យប្រាក់ ឬ អំណោយផ្សេងៗដល់អតិថិជន លុះត្រាតែអោយតាមរយះអង្គការតំលៃស្រ្តី។ ប្រសិនបើភ្ញៀវមានបំណងចង់បរិច្ចាគភ្លាមៗ គឺអាចបរិច្ចាគបានចំពោះមុខ នាយិកា ឬនាយកប្រតិបត្តិ ឬប្រធានសម្របសម្រួលគំរោងឈោងចាប់ ខណៈ​ពេលមកសួរសុខទុក្ខ។
 10. ភ្ញៀវចុះសួរសុខទុក្ខទាំងអស់ត្រូវតែ ចុះហត្ថលេខាលើគោលនយោបាយសួរសុខទុក្ខ របស់អង្គការតំលៃស្រ្តីជាមុនសិនហើយ និងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណអង្គការតំលៃស្រ្តីឡើយ ប្រសិនបើគ្មានការយល់ព្រមពីសំណាក់បុគ្គលិកអង្គការតំលៃស្រ្តី។ ប្រសិនបើអ្នកយាមមិនមានពេលទំនេរចំពោះការជួយសំរូលការចុះហត្ថលេខាទេ នឹងមានបុគ្គលិកផ្សេងទៀតជួយសម្រួល។
 11. ប្រសិនបើភ្ញៀវចុះសួរសុខទុក្ខ មានបំណងចូលរួមកម្មវិធីចុះឈោងចាប់(ការចុះជួយ)ស្រ្តីធ្វើការពេលយប់ជាមួយក្រុមអង្គការតំលៃស្រ្តី ពួកគាត់ត្រូវទទួលការយល់ព្រមពី នាយិកាអង្គការតំលៃស្រ្តី ឬនាយកប្រតិបត្តិ ហើយពួកគាត់តម្រូវអោយអាន និងចុះហត្ថលេខាលើច្បាប់ចុះឈោងចាប់។
 12. ប្រសិនបើភ្ញៀវចុះសួរសុខទុក្ខមានអាវុធ ឬ ជាតិផ្ទុះ សូមរក្សាទុកនៅខាងក្រៅអគាររបស់អង្គការ តំលៃស្រ្តី ឬនៅកន្លែងសន្តិសុខរបស់អង្គការយើង។
 13. យើងមានសិទ្ធិឆែកឆេរទៅលើភ្ញៀវចុះសួរសុខទុក្ខណាម្នាក់ ប្រសិនបើយើងមានការសង្ស័យ។

IV.វិធានការឆ្លើយតបចំពោះបទចោទប្រកាន់

 1. អង្គការតំលៃស្រ្តីសូមលើកទឹកចិត្តឲ្យសមាជិកក្រុមការងារ អ្នកស្ម័គ្រចិត្ត និងសមាជិកនៃគណៈកម្មការទាំងអស់ឲ្យមានការបើកចំហក្នុងការពិភាក្សាអំពីប្រការនៃការរំលោភបំពានដែលអាចកើតឡើងក្នុងអង្គការ។ ករណីពួកគាត់បានលឺអំពីការចោទប្រកាន់ឬសង្ស័យថាមានករណីនៃការរំលោភបំពានណាមួយនោះវាជាទំនួលខុសត្រូវរបស់ពួកគាត់ក្នុងការរាយការណ៍អំពីសេចក្តីនោះ។
 2. ករណីមានការចោទប្រកាន់ទៅលើសមាជិកក្រុមការងារ នៃអង្គការតំលៃស្រ្តី អ្នកស័្មគ្រចិត្ត ភ្ញៀវចុះសួរសុខទុក្ខ ឬសមាជិកនៃគណៈកម្មការណាម្នាក់ថាបានរំលោភបំពានលើស្រ្តី និងកុមារណាមួយនោះអង្គការតំលៃស្រ្តី នឹងចាត់វិធានការដើម្បីដោះស្រាយជាមួយស្ថានភាពនោះដូចជា៖
  • ករណីមានការចោទប្រកាន់កើតឡើងនោះដំបូងត្រូវជម្រាបដល់នាយិកា។ ករណីនាយិការូបនោះជាអ្នកដែលត្រូវបានគេចោទបុគ្គលរូបនោះត្រូវរាយការណ៍ដល់គណៈកម្មការប្រឹក្សា យោបល់។
  • ការចោទប្រកាន់នឹងត្រូវបានរក្សាជាការសម្ងាត់ ដោយមានតែអ្នកដែលបានជាប់ពាក់ព័ន្ធផ្ទាល់ ប៉ុណ្ណោះដែលមានសិទ្ធិទទួលព័ត៌មាននេះ។
  • រាល់សេចក្តីលំអិតនៃការចោទប្រកាន់ទាំងឡាយនឹងត្រូវបានកត់ត្រាក្នុងបែបបទដើម្បីរាយការណ៍ និងរក្សាទុកជាឯកសារសម្ងាត់។
  • សមាជិកក្រុមការងារនៃ អង្គការតំលៃស្រ្តី អ្នកស្ម័គ្រចិត្ត និងសមាជិកនៃគណៈកម្មការរូបណា ដែលត្រូវបានរកឃើញថាបានធ្វើឲ្យកាន់តែលេចលឺរឿងលាក់ការណ៍ទាំងនេះនឹងត្រូវទទួល វិធានការដាក់ពិន័យ។ (យោងទៅតាមវិធានការដាក់វិន័យនៃគោលនយោបាយការងាររបស់អង្គការតំលៃស្រ្តី)។
  • រាល់ការស៊ើបអង្កេតទាំងអស់នឹងត្រូវបានរក្សាជាការសម្ងាត់ហើយត្រូវធ្វើឡើងដោយមាន ដំបូន្មាន និងការប្រឹក្សាផ្លូវច្បាប់ពីខាងក្រៅ។
  • សម្រាប់ពេលធ្វើការតាមដានលើករណីនៃការចោទប្រកាន់អង្គការតំលៃស្រ្តីត្រូវបានលើកទឹកចិត្តទំនាក់ទំនងជាមួយអង្គការផ្នែកច្បាប់ផ្សេងៗឲ្យមានតម្លាភាព និងការគាំទ្រក្នុងពេលមានការចោទប្រកាន់។
  • អ្នករាយការណ៍ ជនរងគ្រោះ និងជនល្មើសដែលត្រូវបានចោទប្រកាន់នូវតែមានសិទ្ធិការគោរពពេលចាប់ផ្តើមដំណើរការរហូតដល់ពេលបិទករណី។
  • អង្គការតំលៃស្រ្តីនឹងមិនលុបចោលការចោទប្រកាន់ពីបទរំលោភបំពានមួយណារបស់ស្រ្តី និងកុមារដោយពុំមានការស៊ើបអង្កេតត្រឹមត្រូវនោះឡើយ ទោះបីជាជនល្មើសនោះជានរណា មានឋានៈ ឬ មុខតំណែងកំរិតណាក៏ដោយ។
  • អង្គការតំលៃស្រ្តីនឹងធ្វើការពិគ្រោះជាមួយអង្គការផ្តល់សេវាកម្មក្នុងសង្គមផ្សេងៗទៀតក្នុង ករណីស្រ្តី និងកុមារដែលជាប់ពាក់ព័ន្ធ ត្រូវបានតំរូវឲ្យមានការការពារបន្ថែមទៀត។
  • រាល់ហេតុការណ៍ដែលទាក់ទងទៅនឹងការស៊ើបអង្កេត និងការចោទត្រូវបានចុះកំណត់ត្រា ហើយសេចក្តីទាំងនេះនឹងត្រូវបានរក្សាទុកជាឯកសារដោយសម្ងាត់ដោយនាយិកា។
  • ករណីមានជនបរទេសពាក់ព័ន្ធ នោះព័ត៌មាននឹងត្រូវបានជំរាបជូនដល់សាមីស្ថានទូត។
  • ករណីមានសមាជិកក្រុមការងារ ឬអ្នកស្ម័គ្រចិត្តជាប់ពាក់ព័ន្ធនោះតួនាទីរបស់ពួកគាត់នឹងត្រូវបានដកហូតជាបណ្ដោះអាសន្ន រហូតដល់ការស៊ើបអង្កេតបានចប់សព្វគ្រប់។
  • ករណីចាំបាច់អង្គការតំលៃស្រ្តីធ្វើការជាមួយភ្នាក់ងារសារព័ត៌មាន​ និងនគរបាល។ ក្រុមគណៈកម្មការនឹងត្រូវធ្វើការពិចារណាឲ្យបានមុនអំពីរបៀបដែលត្រូវជម្រាបជាព័ត៌មានដល់នគរបាល និងភ្នាក់ងារសារព័ត៌មាន និងរបៀបឲ្យពួកគាត់សហការណ៍។
  • ក្នុងករណីចាំបាច់នោះការប្រឹក្សាយោបល់ពីខាងក្រៅនឹងត្រូវបានផ្តល់ជូនដល់ជនរងគ្រោះនិង/ឬ​ ជនជាប់ចោទ។
  • អង្គការតំលៃស្រ្តីនឹងបង្កើតរបាយការណ៍ចុងក្រោយមួយដើម្បីរៀបរាប់ពីហេតុការណ៍ទាំងឡាយវិធានការដែលបានប្រើប្រាស់ និងអនុសាសន៍ផ្សេងៗរួចប្រគល់របាយការណ៍នេះ ឲ្យបុគ្គលិក/ស្ថាប័នពាក់ពាន់។

V.ប្រព័ន្ធនៃការផ្សព្វផ្សាយ និង ការប្រាស្រ័យទាក់ទង

 1. អង្គការតំលៃស្រ្តីយល់ថាប្រព័ន្ធអ៊ីនធើណេតកំពុងនឹងត្រូវបានប្រើប្រាស់ច្រើនទៅៗដោយអស់អ្នកដែលមានបំណងរំលោភបំពានលើស្រ្តី និងកុមារ និងយល់ទៀតថាជាធម្មតារូបភាពរបស់ស្រ្តីនិងកុមារអាច និងត្រូវបានបំភ្លៃដើម្បីធ្វើការកេងប្រវ័ញ្ចលើពួកគាត់ម្តងទៀត។ គ្មានសមាជិកក្រុមការងារ អ្នកស្ម័គ្រចិត្ត ឬសមាជិកនៃគណៈកម្មការណាម្នាក់ អាចបង្ហាញ/បង្ហោះរូបភាពរបស់ស្រ្តី និងកុមារនៅក្នុងផ្ទះបន ឬ ដែលកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះនៅលើទំព័រអ៊ីនធើណេត Facebook (ឬរាល់ទំព័រនៃបណ្តាញក្នុងសង្គម)គេហទំព័រ​អ៊ីម៉ែល ឬ ការបោះពុម្ភផ្សាយណាមួយឡើយ។
 2. សម្រាប់រូបថតនិង/ឬខ្សែវីដេអូទាំងឡាយណាដែលបង្ហាញអំពីការកេងប្រវ័ញ្ចផ្លូវភេទ និង/ឬការរំលោភបំពានរូបភាពនោះមិនត្រូវបញ្ជាក់ពីភិនភាគស្រ្តី និងកុមារ ជាដាច់ខាតបើទោះជាអ្នកដែលនៅក្នុងរូបនោះពុំទាន់បានរងនូវការកេងប្រវ័ញ្ចផ្លូវភេទក៏ដោយ។
 3. រាល់ការប្រើប្រាស់ខ្សែវីដេអូនិង/ឬរូបភាពរបស់ស្រ្តី និងកុមារ គឺត្រូវបានតំរូវឲ្យស្នើរសិទ្ធិប្រើប្រាស់បែប ធម្មតាពីកុមារ។​ រូបភាពដែលមានភ្នែកស្រអាប់នឹងមិនអាចត្រូវមានសិទ្ធិប្រើប្រាស់បានឡើយដោយព្រោះរបៀបនេះ អ្នកដ៍ទៃនៅតែអាចស្គាល់ភិនភាគរបស់ស្រ្តី និងកុមារ។

VI.សេចក្តីប្រកាសអំពីការប្តេជ្ញា

សមាជិកក្រុមការងារនៃអង្គការតំលៃស្រ្តី អ្នកស្ម័គ្រចិត្ត និងសមាជិកគណៈកម្មការត្រូវបានតំរូវឲ្យចុះហត្ថលេខាលើគោលនយោបាយនេះ។ហត្ថលេខីនឹងត្រូវរក្សាគោលនយោបាយនេះថតចំលងមួយច្បាប់សំរាប់ធ្វើជាឯកសារយោងរបស់ខ្លួនហើយច្បាប់ដើមដែលត្រូវបានចុះហត្ថលេខានឹងត្រូវបានរក្សាទុកជាឯកសារសំរាប់ធ្វើជាសេចក្តីព្រមព្រៀងដែរ។

ខ្ញុំបាទ/នាងខ្ញុំសូមប្រកាសថា៖

ខ្ញុំបាទ/នាងខ្ញុំបានអាន និងយល់ពីគោលនយោបាយការពារស្រ្តី និងកុមារនៃអង្គការតំលៃស្រ្តី។

ខ្ញុំបាទ/នាងខ្ញុំនឹងបំពេញតាមនីតិវិធីដែលមានចែងនៅក្នុងគោលនយោបាយការពារស្រ្តី និងកុមារនៃអង្គការតំលៃស្រ្តីនេះ។

ខ្ញុំបាទ/នាងខ្ញុំមិនធ្លាប់ត្រូវបានចោទប្រកាន់ឬថ្កោលទោសពីបទណាមួយដែលពាក់ព័ន្ធទៅនឹងការរំលោភបំពានផ្លូវភេទ ឬ ផ្លូវកាយរបស់ស្រ្តី និងកុមារ។

ខ្ញុំបាទ/នាងខ្ញុំយល់ច្បាស់ថាករណីមានការប្តឹងផ្តល់ទាស់នឹងខ្ញុំបាទ/នាងខ្ញុំទាក់ទងទៅនឹងការរំលោភបំពានលើស្រ្តី និងកុមារ ខណៈពេលដែលកំពុងបំរើការងារនៅក្នុងអង្គការតំលៃស្រ្តីការចោទប្រកាន់នឹងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ដោយមានកិច្ចសហការពីអាជ្ញាធរតាមការគួរ។

ខ្ញុំបាទ/នាងខ្ញុំយល់ថារាល់ការបំពានទៅនិតិវិធីនិងការរំពឹងទុកមួយណាដែលមានចែងនៅក្នុងគោលនយោបាយនេះនឹងនាំឲ្យមានការចាត់វិធានការផ្លូវច្បាប់និង/ឬវិធានការដាក់ពិន័យដែលអាចតំរូវឲ្យមានការលាលែងពីមុខតំណែង ឬ ការងារ។

 

គោលនយោបាយនេះធ្វើបច្ចុប្បន្នភាពលើកទី ២ ថ្ងៃទី ១៦ ឧសភា ឆ្នាំ២០១៨ ជំនួសឲ្យការការអនុមត័លើកទី១ ហើយយើងនឹងធ្វើបច្ចុប្បន្នភាពរៀងរាល់ ២ឆ្នាំម្តង ឬបន្ទាន់ក្នុងករណីចាំបាច់៕

 

សេង សុលីដា(ស្ថាបនិក/នាយិកា): ហត្ថលេខា___________________កាលបរិច្ឆេទ______________

អ៊ុន ស្រីសរ(ប្រធានគណៈកម្មការប្រឹក្សាយោបល់): ហត្ថលេខា___________កាលរិច្ឆេទ___________

 

ឈ្មោះបុគ្គលិក:________________________________ តួនាទី: ________________________________

ហត្ថលេខា:___________________________________ កាលបរិច្ឆេទ: __________________________

ព័ត៌មានទាក់ទងសំរាប់ការរាយការណ៍អំពីករណីរំលោភបំពាន ឬសំរាប់ព័ត៌មានបន្ថែមៈ

សេង សុលីដា solida@preciouswomen.org

Glenn Miles drglennmiles@gmail.com

អ៊ុន ស្រីសរ soarmccaul@gmail.com

គង់ ម៉ារ៉ា mara@nlfcambodia.com

 

Download File PDF here

 

Facebook

Get the Facebook Likebox Slider Pro for WordPress